បុគ្គលិក​នៅ​ព្រ​លាន​យន្តហោះ​ពោធិ​ចិន​តុង​ម្នាក់ កាប់​ជំនួយការ​ផ្ទាល់​ឧកញ៉ា អ៊ឹ​ង ប៊ុ​ន​ហ៊ូ​វ ឲ្យ​រង​របួសធ្ងន់

ថ្ងៃព្រហស្បតិ៍ ទី៦ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង ២៣:០៧ (06-07-2017 23:07)

រាជធានី​ភ្នំពេញ ៖ ជំនួយការ​ផ្ទាល់​លោក​ឧកញ៉ា អ៊ឹ​ង ប៊ុ​ន​ហ៊ូ​វ ត្រូវ​បាន​បុរស​ម្នាក់​ទៀត​ដែល​ជា​អ្នកបម្រើ​ការងារ​នៅ​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ផ្នែក​បុគ្គលិក​ទទួលភ្ញៀវ​ចុះ​លើ​យន្តហោះ ទាញ​កាំបិតប៉័ងតោ​កាប់​ប្រហារ បណ្តាល​ឲ្យ​រង​របួសធ្ងន់ ក្នុង​ខណៈ​ដែល​ជន​រង​គ្រោះ​រូប​នោះ​កំពុង​ដើរ​នៅ​ក្នុង​អាកាសយានដ្ឋាន​ខាងលើ​នោះ​ដោយ​មិនដឹង​ខ្លួន​។ ប៉ុន្តែ​នគរបាល​បាន​ប្រាប់​ថា ជន​នោះ​មាន​បញ្ហា​ផ្នែក​ខួរក្បាល ទើប​នៅ​សុខ​ៗ​កាប់​ជន​រង​គ្រោះ​បែប​នេះ ហើយ​មិន​គួរ​យក​មនុស្ស ប្រភេទ​នេះ​ធ្វើការ​នៅ​កន្លែង​ពិសេស​បែប​នេះ​សោះ​។ តែ​សង្ស័យ​ជន​នោះ​មាន​ខ្សែ​មាន​ខ្នង​ទើប​មានសំណាង​បាន​ធ្វើការ​ទីនោះ ហើយ​ក៏​មានការ​ព្រួយបារម្ភ​ថា បើ​មិន​ចាត់ការ​តាម​ច្បាប់​ទេ ថ្ងៃក្រោយ​អាច​នឹង​កាប់​អ្នក​ផ្សេង​ទៀត ស្រួល​មិន​ស្រួល​ចំ​ភ្ញៀវ​បរទេស​ផង​ក៏​មិនដឹង​។

ហេតុការណ៍​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០១៧ ខណៈ​ជន​រង​គ្រោះ​កំពុង​រង់ចាំ​ទទួល​សាច់ញាតិ​របស់​លោក​ឧកញ៉ា អ៊ឹ​ង ប៊ុ​ន​ហ៊ូ​វ​មក​ពី​បរទេស នៅ​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ បុរស​រង​គ្រោះ​ខាងលើ​នោះ​ឈ្មោះ កែវ សូ​ថា អាយុ​៥១​ឆ្នាំ ជា​ជំនួយការ​ផ្ទាល់​លោក​ឧកញ៉ា អ៊ឹ​ង ប៊ុ​ន​ហ៊ូ​វ មាន​ទីលំនៅ​ផ្លូវ​លេខ​៥៩៨ ភូមិ​ក្រោលគោ សង្កាត់​គីឡូ​ម៉ែ​ត​លេខ​៦ ខណ្ឌឫស្សីកែវ ហើយ​កំពុង​សម្រាក​ព្យាបាល​របួស​នៅ​ក្នុង​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ​។​

ដោយឡែក​ជន​ដៃដល់​ឈ្មោះ កែវ ភារ​ម្យ អាយុ​២៥​ឆ្នាំ មុខរបរ​អ្នក​ទទួលភ្ញៀវ​ចុះ​ពីលើ​យន្តហោះ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​លេខ​18UH ផ្លូវ​K4A ភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។ ត្រូវ​បាន​កម្លាំង​សន្តិសុខ​អាកាសយានដ្ឋាន​ចាប់ខ្លួន​ប្រគល់​ឲ្យ​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ខណៈ​ជន​រង​គ្រោះ​កំពុង​ដើរ​កាត់​តាម​ស្ដា​នី​យ​អ្នកដំណើរ នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ រង់ចាំ​ទទួល​សាច់ញាតិ​របស់​លោក​ឧកញ៉ា អ៊ឹ​ង ប៊ុ​ន​ហ៊ូ​វ មក​ពី​បរទេស​។

ក៏​ស្រាប់តែ​ត្រូវ​បាន​ជន​ដៃដល់​យក​កាំបិតប៉័ងតោ មក​កាប់​ទៅ​លើ​ក្បាល​ជន​រង​គ្រោះជា​ច្រើន​កាំបិត​បណ្ដាល​ឲ្យ​រង​របួស​ហូរ​ឈាម​កក្លាក់​ជោគ​ខ្លួន និង​សម្លៀក​បំពាក់ ខណៈនោះ​ជន​រង​គ្រោះ​បាន​ស្រែក​ឲ្យ​គេ​ជួយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​ជន​នោះ​ក៏​ត្រូវ​បាន​កម្លាំង​សន្តិសុខ ឃាត់ខ្លួន​បាន​ភ្លាម​ៗ​ផង​ដែរ​៕

 

 

Facebook Comments