បច្ចេកទេស​ដាំ​ខ្ទឹម​យក​ស្លឹក

ខ្ទឹម គឺ​ជា​ដំណាំ​មួយ​ប្រភេទ​ដែល​ប្រជាជន​ទូទៅ​ទទួល​ស្គាល់​ថា មាន​ប្រយោជន៍​ច្រើន និង​ជា​ជំនួយ​ក្នុង​គ្រឿង​ផ្សំ​សម្រាប់​មុខ​ម្ហូប​ស្ទើរ​គ្រប់​ប្រភេទ ដើម្បី​បំពេញ​សេចក្តី​ត្រូវ​ការ​ប្រចាំ​ថ្ងៃ។ ដោយឡែក​ស្លឹក​ខ្ទឹម​វិញ ប្រជាជន​ខ្មែរ​និយម​ប្រើ​ដើម្បី​បន្ថែម​ក្លិន និង​សម្រស់​ក្នុង​អាហារ​ផ្សេងៗ​ឲ្យ​មាន​សោភណភាព​គួរ​ជាទី​គយគន់។

តើ​ការ​ដាំ​ខ្ទឹម​យក​ស្លឹក​លំបាក ឬ​ងាយ​ស្រួល​យ៉ាង​ណា?

អ្នក​បច្ចេកទេស​ខាង​បន្លែ​សរីរាង្គ​ម្នាក់​លើក​ឡើង​ថា ស្លឹក​ខ្ទឹម គឺ​ជា​គ្រឿង​ទេស​ដ៏​សំខាន់​មួយ​ប្រភេទ មិន​ត្រឹម​តែ​ប្រើ​ដើម្បី​បន្ថែម​សម្រស់ និង​ក្លិន​ក្នុង​អាហារ​ប៉ុណ្ណោះ​ទេ។ ស្លឹក​ខ្ទឹម គេ​ក៏​អាច​បរិភោគ​ដើម​ស្រស់ និង​ស្លឹក​ស្រស់ ដើម្បី​នាំ​មក​នូវ​ជីវជាតិ​ផ្សេងៗ ដូចជា វីតាមីន និង​កាល់ស្យូម ដែល​អាច​ឲ្យ​មនុស្ស​មាន​សុខភាព​មាំមួន។

ខ្ទឹម គឺ​ជា​ដំណាំ​មួយ​ប្រភេទ​ដែល​ប្រជាជន​ទូទៅ​ទទួល​ស្គាល់​ថា មាន​ប្រយោជន៍​ច្រើន និង​ជា​ជំនួយ​ក្នុង​គ្រឿង​ផ្សំ​សម្រាប់​មុខ​ម្ហូប​ស្ទើរ​គ្រប់​ប្រភេទ ដើម្បី​បំពេញ​សេចក្តី​ត្រូវ​ការ​ប្រចាំ​ថ្ងៃ។ ដោយឡែក​ស្លឹក​ខ្ទឹម​វិញ ប្រជាជន​ខ្មែរ​និយម​ប្រើ​ដើម្បី​បន្ថែម​ក្លិន និង​សម្រស់​ក្នុង​អាហារ​ផ្សេងៗ​ឲ្យ​មាន​សោភណភាព​គួរ​ជាទី​គយគន់។

តើ​ការ​ដាំ​ខ្ទឹម​យក​ស្លឹក​លំបាក ឬ​ងាយ​ស្រួល​យ៉ាង​ណា?

អ្នក​បច្ចេកទេស​ខាង​បន្លែ​សរីរាង្គ​ម្នាក់​លើក​ឡើង​ថា ស្លឹក​ខ្ទឹម គឺ​ជា​គ្រឿង​ទេស​ដ៏​សំខាន់​មួយ​ប្រភេទ មិន​ត្រឹម​តែ​ប្រើ​ដើម្បី​បន្ថែម​សម្រស់ និង​ក្លិន​ក្នុង​អាហារ​ប៉ុណ្ណោះ​ទេ។ ស្លឹក​ខ្ទឹម គេ​ក៏​អាច​បរិភោគ​ដើម​ស្រស់ និង​ស្លឹក​ស្រស់ ដើម្បី​នាំ​មក​នូវ​ជីវជាតិ​ផ្សេងៗ ដូចជា វីតាមីន និង​កាល់ស្យូម ដែល​អាច​ឲ្យ​មនុស្ស​មាន​សុខភាព​មាំមួន។

អ្នក​បច្ចេកទេស​ខាង​បន្លែ​សរីរាង្គ​មក​ពី​កសិដ្ឋាន​ហ្គ្រែន​ភ្នំពេញ នៅ​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ អ្នកស្រី វឿន ឆេងគ្រី អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ដោយ​សម្លឹង​ឃើញ​ផល​ប្រយោជន៍​ច្រើន​នៃ​ស្លឹក​ខ្ទឹម កសិដ្ឋាន​នេះ​បាន​បង្កើន​ការ​ដាំ​ខ្ទឹម​ដើម្បី​យក​ស្លឹក​ជាច្រើន​រយ​គុម្ព៖ «ខ្ទឹម​វា​មិន​មែន​ប្រយោជន៍​តែ​សម្រាប់​មនុស្ស​ទេ ដូច​នៅ​ក្នុង​កសិដ្ឋាន​ខ្ញុំ​ចឹង ខ្ញុំ​យក​វា​ទៅ​ធ្វើ​ជា​ចំណី​ឲ្យ​មាន់​ទា និង​លក់​ទៅ​ឲ្យ​ទីផ្សារ​ផង»។

អ្នកស្រី វឿន ឆេងគ្រី បាន​ឲ្យ​ដឹង​ដែរ​ថា ខ្ទឹម​មាន​ពីរ​ប្រភេទ គឺ​ពូជ​ស្លឹក​មូល​តូចៗ​ល្មម និង​ពូជ​មាន​ស្លឹក​សំប៉ែត​ធំ​ហើយ​វែង។ អ្នកស្រី​ថា សម្រាប់​អ្នកស្រី គឺ​ដាំ​ប្រភេទ​ពូជ​ខ្ទឹម​ស្លឹក​មូល និង​តូចៗ​ល្មម ដែល​គេ​ច្រើន​និយម​ហៅ​ថា​ខ្ទឹម​ខ្យល់ ព្រោះ​ពូជ​នេះ​ពេញ​និយម​លើ​ទីផ្សារ​ប្រចាំ​ថ្ងៃ។ មិន​តែ​ប៉ុណ្ណោះ អ្នកស្រី​បញ្ជាក់​ទៀត​ថា ដើម្បី​ដាំ​ខ្ទឹម​យក​ស្លឹក គេ​អាច​ដាំ​វា​បាន​ច្រើន​របៀប អាច​ដាំ​ក្នុង​ផើង ក្នុង​កេះ​ស្នោ និង​ក្នុង​ឧបករណ៍​ជ័រ​ជាច្រើន​ទៀត ដាំ​ចម្រុះ​ជាមួយ​រុក្ខជាតិ​ផ្សេង​ទៀត​ក៏​បាន ពិសេស​អាច​ដាំ​លើក​ជា​រង។ អ្នកស្រី​អះអាង​ថា ដើម្បី​ទាន់​តម្រូវ​ការ​ទីផ្សារ និង​ចំណេញ​ថវិកា​ច្រើន កសិដ្ឋាន​អ្នកស្រី​ដាំ​ខ្ទឹម​លើ​ដី និង​លើក​ជា​រង។

តើ​ត្រូវ​ការ​រើស​ដី​ប្រភេទ​អ្វី ដើម្បី​ដាំ​ខ្ទឹម​យក​ស្លឹក​ឆាប់​បាន​ផល?

អ្នក​បច្ចេកទេស​ឲ្យ​ដឹង​ថា ត្រូវ​រើស​ដី​ដែល​មាន​ពន្លឺ​ថ្ងៃ​គ្រប់គ្រាន់ ទើប​ស្លឹក​វា​លូត​ល្អ។ ដី​ដែល​អាច​ដាំ​ខ្ទឹម​ស​បាន​ល្អ គឺ​មាន​ជីជាតិ​ច្រើន ជា​ដី​ល្បាប់​ក៏​បាន ដី​ល្បាយ​ខ្សាច់​ក៏​បាន ហើយ​នៅ​ជិត​ប្រភព​ទឹក ពិសេស​រក​ដី​ដែល​សម្បូរ​ជីជាតិ​ល្អ ដើម្បី​ងាយ​ស្រួល​ថែ​ទាំ និង​ខ្ទឹម​ឆាប់​លូតលាស់​លឿន។ បន្ទាប់​ពី​ជ្រើស​រើស​ដី​ដែល​ត្រូវ​ដាំ​ខ្ទឹម​យក​ស្លឹក​បាន​ហើយ អ្នកស្រី វឿន ឆេងគ្រី បន្ថែម​ថា ត្រូវ​រៀបចំ​ដី និង​ធ្វើ​ថ្នាល ឬ​រង។ ភ្ជួរ ឬ​កាប់​ដី​ឲ្យ​បាន ២​ដង​ទៅ ៣​ដង ហើយ​ឲ្យ​បាន​ជម្រៅ​ពី ១៥ ទៅ ២០​សង់ទីម៉ែត្រ។ ក្រោយ​មក ត្រូវ​វាយ​ដី​បំបែក​ឲ្យ​ម៉ត់​ល្អ ធ្វើ​ឲ្យ​ដី​ធូរ និង​រក្សា​សំណើម​បាន​យូរ ដើម្បី​ឲ្យ​ឫស​ខ្ទឹម​ចាក់​ចូល​ជ្រៅ​ក្នុង​ដី ស្រូប​យក​ជីជាតិ​នៅ​ក្នុង​ដី​បាន​ល្អ ងាយ​ដុះ​លូតលាស់។

ដំណាំ​ខ្ទឹម​ស្លឹក​ក្នុង​កសិដ្ឋាន​ហ្គ្រែន​ភ្នំពេញ ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០១៥

អ្នកស្រី​បញ្ជាក់​ថា រៀបចំ​ដី​រួច ត្រូវ​ហាល​ដី​នោះ​ឲ្យ​បាន ៣ ទៅ ៤​ថ្ងៃ ដើម្បី​សម្លាប់​មេរោគ​ដែល​មាន​ក្នុង​ដី ហើយ​អាច​បន្ថែម​ជី​លាមក​សត្វ​ជា​ការ​ស្រេច៖ «ទី​មួយ គឺ​យើង​កាប់​ដី​វា ហើយ​ហាល​ដី​ឲ្យ​ស្ងួត ៣ ទៅ ៤​ថ្ងៃ រួច​ជ្រោយ​ដី​ត្រឡប់​ចុះ​ឡើង រួច​ហើយ​យើង​ដាក់​ជី ដូចជា​កសិដ្ឋាន​ត្រូវ​ដាំ​ដាក់​ជី​អង្កាម លាមក​ទា លាយ​ចូល​គ្នា​ទាំង​ដី​ទាំង​ជី ស្រោច​ទឹក ទុក ៣​ថ្ងៃ​ចាំ​ដាំ»។

មក​ដល់​ត្រង់​ចំណុច​នេះ អ្នកស្រី វឿន ឆេងគ្រី បាន​ឲ្យ​ដឹង​ទៀត​ថា វិធី​ដាំ​ខ្ទឹម​យក​ស្លឹក អ្នកស្រី​ថា គឺ​អាច​ដាំ​ដោយ​សាប​គ្រាប់ ឬ​ព្រោះ​គ្រាប់ ឬ​ត្រូវ​យក​គ្រាប់​ខ្ទឹម​ទៅ​ព្រោះ​ស្តើងៗ​លើ​ថ្នាល ឬ​រង​ក៏​បាន ប៉ុន្តែ​អ្នកស្រី​ឲ្យ​ដឹង​ថា កសិដ្ឋាន​អ្នកស្រី គឺ​យក​ដើម​ខ្ទឹម​មក​ដាំ​តែ​ម្តង ព្រោះ​ធ្វើ​បែប​នេះ​ចំណេញ​ពេលវេលា​ថែទាំ និង​ឆាប់​បាន​ផល​យក​ទៅ​លក់។ ក្រោយ​មក​ទៀត អ្នកស្រី​ថា យក​ដើម​ខ្ទឹម​ដែល​ជ្រើស​រើស​រួច​មក​ដាំ​លើ​ដី​ដែល​រៀបចំ​រួច ដោយ​ដាំ​ក្នុង​គម្លាត​គុម្ព​មួយ​ទៅ​គុម្ព​មួយ​ទៀត ២៥​សង់ទីម៉ែត្រ៖ «ដាំ​ខ្ញុំ​ដាំ​ដើម​វា​ហ្មង ខ្ញុំ​យក​ដើម​ខ្ទឹម​ដែល​ល្អ មិន​មាន​ស្នាម​ជាំ យក​ទៅ​ដាំ​លើ​រង​ដែល​បាន​រៀប​ដី​រួច ដោយ​ដាំ​ដាក់​ចន្លោះ​គុម្ព​ពី​គ្នា​ពី ២៥​សង់ទីម៉ែត្រ ហើយ​បើ​ដើម​ល្អ​ធំ យើង​ដាំ​តែ​មួយ​ដើម​បាន​ហើយ តែ​បើ​ដើម​តូច​យើង​អាច​ដាក់ ២​កូន​ក្នុង​មួយ​ចន្លោះ»។

ការ​ថែទាំ​ក្រោយ​ដាំ​ខ្ទឹម

អ្នក​បច្ចេកទេស​រូប​នេះ​បាន​ឲ្យ​ដឹង​ដែរ​ថា សម្រាប់​ការ​ដាំ​ខ្ទឹម​យក​មើម គេ​ត្រូវ​ការ​ជីជាតិ​ប៉ូតាស្យូម​ដែល​មាន​ច្រើន​នៅ​ក្នុង​ផេះ​ដុត​ពី​សម្បក​ផ្លែ​គ ដើម្បី​ឲ្យ​មើម​វា​រីក​ធំ ប៉ុន្តែ​អ្នកស្រី​ថា សម្រាប់​យក​ស្លឹក​វិញ មិន​ត្រូវ​ការ​ជី​បំប៉ន ឬ​ការ​ថែទាំ​ច្រើន បើ​ធៀប​នឹង​ដំណាំ​ប្រភេទ​ស្លឹក​ដទៃ។

បន្ថែម​ពី​នេះ អ្នក​បច្ចេកទេស​រូប​នេះ​ឲ្យ​ដឹង​ថា ដើម្បី​ថែទាំ​ដំណាំ​ខ្ទឹម​ស្លឹក​ទាន់​តម្រូវ​ការ​ទីផ្សារ គ្រាន់​តែ​ស្រោច​ទឹក ១​ថ្ងៃ ២​ដង គឺ​ព្រឹក​ល្ងាច បោច​ស្មៅ ជ្រួយ​ដី​ឲ្យ​ធូរ ដើម្បី​ឲ្យ​ទឹក​ងាយ​ជ្រាប​ចូល​ក្នុង​ដី រក្សា​សំណើម​បាន​យូរ ធ្វើ​ឲ្យ​ឫស​ខ្ទឹម​អាច​ស្រូប​យក​ជីជាតិ​ស្រួល ទាំង​ដើម និង​ស្លឹក​ខ្ទឹម៖ «បើ​ស្រោច​ទឹក​ខ្ញុំ​ស្រោច​មួយ​ថ្ងៃ ២​ដង ពេល​ព្រឹក​បើ​មាន​រះ​ថ្ងៃ​ខ្ញុំ​ស្រោច ហើយ​ដល់​ម៉ោង​៤ ខ្ញុំ​ស្រោច​ម្តង​ទៀត ព្រោះ​អី​ពេល​យើង​ស្រោច​ពេល​វា​នៅ​មាន​ថ្ងៃ ដើម​ខ្ទឹម​ឆាប់​លាស់​ស្លឹក និង​ទទួល​បាន​រស្មី​សំយោគ»។

អ្នក​បច្ចេកទេស​បញ្ជាក់​បន្ថែម​ថា ទោះ​បី​ដំណាំ​ខ្ទឹម​យក​ស្លឹក​ងាយ​ស្រួល​ដាំ មិន​សូវ​សម្បូរ​សត្វ​ចង្រៃ​បំផ្លាញ ព្រោះ​ខ្ទឹម​មាន​សារធាតុ​ហិល ជួយ​បណ្ដេញ​សត្វ​ចង្រៃ ប៉ុន្តែ​ដំណាំ​ខ្ទឹម​ជា​ដំណាំ​ចាញ់​ទឹក​ភ្លៀង​ធ្លាក់​ជោកជាំ។ ដូច្នេះ អ្នកបច្ចេកទេស​ណែនាំ​ឲ្យ​ដាំ​ខ្ទឹម​បាន​ល្អ គឺ​ដាំ​នៅ​ចុង​រដូវ​ភ្លៀង។

ឯកសារ​ស្រាវជ្រាវ​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ស្ដីពី​ដំណាំ​ខ្ទឹម​ស​បង្ហាញ​ថា គេ​អាច​ប្រមូល​ផល​ខ្ទឹម និង​ស្លឹក​ខ្ទឹម​បាន ក្រោយ​ពី​ដាំ​រយៈពេល​ពី ៩០ ទៅ ១២០​ថ្ងៃ។ លើស​ពី​នេះ ខ្ទឹម​មាន​សារធាតុ​ចិញ្ចឹម​សំខាន់ រួម​មាន ប្រូតេអ៊ីន ជាតិ​ផេះ សារធាតុ​រ៉ែ ជាតិ​សរសៃ កាល់ស្យូម ប៉ូតាស្យូម ជាតិ​ដែក រួម​នឹង​សារធាតុ​ចិញ្ចឹម​សំខាន់ៗ​ជាច្រើន​ទៀត ដែល​អាច​ឲ្យ​មនុស្ស​មាន​សុខភាព​មាំមួន។

គុណ​តម្លៃ​ដំណាំ​ខ្ទឹម​ច្រើន​នេះ​ហើយ ទើប​ស្លឹក​ខ្ទឹម​ដែល​ដាំ​តាម​បែប​ធម្មជាតិ​ក្នុង​កសិដ្ឋាន​ហ្គ្រែន​ភ្នំពេញ លក់​ទៅ​ឲ្យ​ទីផ្សារ​សេដាក (CEDAC) ក្នុង​ទីក្រុង​ភ្នំពេញ បាន​តម្លៃ​ក្នុង ១​គីឡូ​ក្រាម​ជាង ៣.៥០០​រៀល។ អ្នកស្រី​អះអាង​ថា ជា​តម្លៃ​ខ្ពស់​ជាង​ស្លឹក​ខ្ទឹម​ដែល​លក់​លើ​ទីផ្សារ​ជាង​ពាក់​កណ្ដាល។

អ្នក​បច្ចេកទេស​ខាង​បន្លែ​សរីរាង្គ​រូប​នេះ បាន​ណែនាំ​ដល់​កសិករ​ដែល​ចាប់​អារម្មណ៍​ការ​ដាំ​ដំណាំ​ណា​មួយ ត្រូវ​តែ​ចាប់​ផ្ដើម​ពី​អ្វី​ដែល​សាមញ្ញ និង​ងាយ​ស្រួល​ដាំ​ទៅ​មុន ដូចជា​ដំណាំ​ខ្ទឹម​យក​ស្លឹក​ជាដើម ព្រោះ​ងាយ​ស្រួល​ដាំ ចំណេញ​ថវិកា​ថែទាំ​ច្រើន មិន​ចាំបាច់​ទិញ​ថ្នាំ ឬ​ជី​គីមី​នោះ​ឡើយ។ ជាង​នេះ អ្នក​បច្ចេកទេស អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​លើក​ទឹក​ចិត្ត​ការ​ដាំ​ខ្ទឹម​បែប​ធម្មជាតិ និង​ស្វែងរក​ទីផ្សារ​នៅ​ពេល​ដែល​កសិករ​ដាំ​បាន​ជោគជ័យ៕

ប្រភព http://www.rfa.org/khmer/program/agriculture/How-to-grow-spring-onion-or-scallion-11232015035002.html

Facebook Comments