គូដណ្តឹង​ផ្តាច់​ពាក្យ!!! ដោយ​សារ​តែ​ឪពុក​ចាប់​រំលោភ​

សេចក្ដីរាយការណ៏ ថ្ងៃទី២៣ កក្កដា ភ្នំពេញៈ ក្មេង​ស្រី​អាយុ​១៧ ឆ្នាំ​ម្នាក់ ដែល​ត្រូវ​បាន​គូដណ្តឹង​ផ្តាច់​ពាក្យ ដោយ​សារ​តែ​ឪពុក​ចាប់​រំលោភ​ហើយ​បាន​លេប​ថ្នាំ​សម្លាប់​ខ្លួន​នោះ បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត កាល​ពី​ម៉ោង ៦ និង ៤០ នាទី​ព្រឹក​ម្សិល​មិញ​។ សាក​សព​ក្មេង​ស្រី​រង​គ្រោះ ត្រូវ​បាន​យក​ទៅ​តម្កល់​ធ្វើ​បុណ្យ​នៅ​វត្ត​សន្សំ​កុសល ក្នុង​សង្កាត់​បឹង​ទំពុន​ខណៈ​សមត្ថកិច្ច កំពុង​ស្វែង​រក​ចាប់​ខ្លួន​ឪពុក​អប្រិយ​ដែល​បាន​រំលោភ​កូន​ខ្លួន​ឯង​នោះ​។

នៅ​ក្នុង​ពិធី​បុណ្យ​សព​កាល​ពី​ម្សិលមិញ គេ​ឃើញ​មាន​តែ​ម្តាយ​សព​ក្មេង​ស្រី​និង​យាយ​បង្កើត​(ម្តាយ​ជន​សង្ស័យ)​និង​សាច់​ញាតិ​ខាង​គូ​ដណ្តឹង​ក្មេង​ស្រី​ប្រមាណ ៦-៧ នាក់​ប៉ុណ្ណោះ​ប៉ុន្តែ​មាន​ប្រជា​ពលរដ្ឋ​ជាច្រើន​ដែល​បាន​ស្តាប់​វិទ្យុ​ប៊ីប៊ីស៊ី បាន​នាំ​គ្នា​យក​បច្ច័យ​ទៅ​ចូល​រួម​ពិធី​បុណ្យ​សព​ក្មេង​ស្រី​អភ័ព្វ​រូប​នេះ​។ អ្នក​ស្រី គន្ធា​អាយុ ៣៣ ឆ្នាំ ជា​ម្តាយ​សព​ក្មេង​ស្រី​រង​គ្រោះ បាន​ឲ្យ​ដឹង​ថា​ក្រុម​គ្រួសារ​របស់​អ្នក​ស្រី ស្នាក់​នៅ​ភូមិ​ក្រពើហា ឃុំ​ព្រែក​ឫស្សី ក្រុង​តាខ្មៅ ខេត្ត​កណ្តាល។ អ្នក​ស្រី​មាន​ប្តី​ឈ្មោះ​សុខ ប៊ុនណារិន អាយុ ៣៧ ឆ្នាំ ជា​មន្រ្តី​ប៉ូលិស នៅ​ពន្ធនាគារ​ខេត្ត​កណ្តាល​។ អ្នក​ស្រី​មាន​តែ​ប្តី​មួយ​នេះ​ទេ​ហើយ​មាន​កូន ៣ នាក់ គឺ​ក្មេង​ស្រី​រង​គ្រោះ ឈ្មោះ​សុខ ស្រី​ពេជ្រ អាយុ ១៧ ឆ្នាំ នឹង​កូន​ប្រុស ២ នាក់​ទៀត​។ ស្ត្រី​រូប​នេះ​និយាយ​ថា​៖«ចំពោះ​ការ​លេប​ថ្នាំ​សម្លាប់​ខ្លួន​នេះ​ខ្ញុំ​មិន​បាន​ដឹង​ថា​បណ្តាល​មក​ពី​អ្វី​ទេ​ពីព្រោះ​មុន​ខ្ញុំ​នឹង​ប្តី ជាមួយ​កូន​ប្រុស ២​នាក់​ទៀត​ចេញ​ទៅ​ខេត្ត​ព្រះ​សីហនុ កូន​ស្រី​ខ្ញុំ​មិន​មាន​បញ្ហា​អ្វី​ទេ​»។

អ្នក​ស្រី​គន្ធា​បញ្ជាក់​ថា អ្នក​ស្រី​មាន​ការ​តក់​ស្លុត នៅ​ពេល​គេ​ទូរស័ព្ទ​ប្រាប់​ថា កូន​ស្រី​របស់​អ្នក​ស្រី បាន​លេប​ថ្នាំ​សម្លាប់​ខ្លួន។ អ្នក​ស្រី​បាន​និយាយ​ថា៖ «ខ្ញុំ​មាន​អារម្មណ៍​សោក​ស្តាយ​ដោយ​មិន​នឹក​ស្មាន​ថា រឿង​នេះ​ឈាន​ដល់​ដំណាក់​កាល​ហ្នឹង​ទេ»។

អ្នក​ស្រី​គន្ធា​បាន​គូស​បញ្ជាក់​ថា​៖ «រឿង​ថា​ឪពុក​ចាប់​រំលោភ​កូន​ស្រី​យ៉ាង​ណា​នោះ​ខ្ញុំ​មិន​បាន​ដឹង​ទេ ចាំ​មើល​ថ្ងៃ​ក្រោយ​សិន​ហើយ​ខ្ញុំ​មិន​ទាន់​ចោទ​ថា​ខាង​ណា​ខុស​នៅ​ឡើយ​ទេ​។​ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខឹង​នឹង​ប្តី​ខ្ញុំ»។ស្រ្តី​រូប​នេះ​បាន​បន្ត​ថា បើ​សិន​ប្តី​របស់​អ្នក​ស្រី ចាប់​រំលោភ​កូន​ខ្លួន​ឯង​មែន អ្នក​ស្រី​សុខ​ចិត្ត​ឲ្យ​ប្តី​របស់​អ្នក​ស្រី​ជាប់​គុក។

ស្រ្តី ជា​ម្តាយ​រូប​នេះ បាន​ឲ្យ​ដឹង​ថា​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ កូន​ស្រី​របស់​អ្នក​ស្រី បាន​ដឹង​ខ្លួន​បើក​ភ្នែក ហើយ​អាច​និយាយ​មួយ​ម៉ាត់ៗ​។ គ្រូ​ពេទ្យ​ក៏​បាន​ប្រាប់​ថា នាង​បាន​ប្រសើរ​បន្តិច​ហើយ។ ប៉ុន្តែ​មិន​នឹក​ស្មាន​ថា នាង​បែរ​ជា​ត្រូវ​ស្លាប់​សោះ​ទៅ​វិញ។យុវជន ណុប ឥសាន ដែល​ជា​គូ​ដណ្តឹង​ក្មេង​ស្រី​រង​គ្រោះ បាន​ប្រាប់​ថា រូប​គេ​សប្បាយ​ចិត្ត​នៅ​ពេល​ឮ​គ្រូពេទ្យ​ប្រាប់​ថា ស្ថានភាព​ជំងឺ​គូ​ដណ្តឹង​របស់​ខ្លួន​ហាក់​ប្រសើរ​បន្តិច​ហើយ​ប៉ុន្តែ​ក្រោយ​មក​ដោយ​មាន​អ្នក​ជំងឺ​ស្លាប់​នៅ​ក្នុង​បន្ទប់​មន្ទីរ​ពេទ្យ ហើយ​មាន​សំឡេង​យំ​សោក​ខ្លាំង​ផង​នោះ​ប្រហែល​ធ្វើ​ឲ្យ​គូ​ដណ្តឹង​របស់​ខ្លួន មាន​អារម្មណ៍​តក់​ស្លុត រហូត​ដល់​ស្លាប់​។

ឥសាន​បាន​រំឭក​ថា៖«​ខ្ញុំ​បាន​ភ្ជាប់​ពាក្យ​នឹង​នាង ក្នុង​អំឡុង​ខែមេសា តែ​ត្រូវ​ផ្តាច់​ពាក្យ​វិញ​ដោយ​សារ​រឿង​ឪពុក​ចាប់​កូន​ខ្លួន​ឯង​រំលោភ​នេះ​»។ ឥសាន​បាន​ឲ្យ​ដឹង​ថា ខ្លួន​មាន​គម្រោង​ប្តឹង​ឪពុក​រំលោភ​កូន​ខ្លួន​ឯង​នោះ​ដែរ​តែ​ត្រូវ​ឪពុក​នោះ​ឃាត់​មិន​ឲ្យ​ប្តឹង​ដោយ​សុំ​ឲ្យ​មាន​ការ​សម្រួល​គ្នា​ហើយ​ក្រោយ​មក​ឪពុក​នោះ បាន​បិទ​ទូរស័ព្ទ​និង​រត់​ទៅ​ខេត្ត​ព្រះវិហារ​បាត់​ដោយ​នាំ​យក​កូន​ប្រុស​ទី ២ ម្នាក់ ទៅ​ជាមួយ​ផង ប៉ុន្តែ​ពេល​នេះ​គាត់​មក​វិញ​ហើយ​។ ឥសាន​បាន​គូស​បញ្ជាក់​ថា៖ «ខ្ញុំ​ចង់​ឲ្យ​ច្បាប់​ដាក់​ទោស​ឪពុក​នោះ​ទៅ​តាម​អំពើ​ដែល​គាត់​បាន​ប្រព្រឹត្ត​មក​លើ​កូន​ស្រី​គាត់​»។

អ្នក​ស្រី សុខ ប៊ុនថា អាយុ ៥៨ ឆ្នាំ នៅ​សង្កាត់​តាខ្មៅ ស្រុក​តាខ្មៅ ខេត្ត​កណ្តាល​ត្រូវ​ជា​ម្តាយ​របស់​ឪពុក​ក្មេង​ស្រី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​កូន​ប្រុស​អ្នក​ស្រី​ឈ្មោះ​សុខ ប៊ុនណារិន អាយុ​ជាង ៤០ ឆ្នាំ ត្រូវ​ជា​ឪពុក​បង្កើត​របស់​សព​ក្មេង​ស្រី​រង​គ្រោះ​មិន​មែន​ជា​ឪពុក​ចុង​ទេ​។​ស្រ្តី​រូប​នេះ​និយាយ​ថា​៖ «​ករណី​គេ​ថា ឪពុក​រំលោភ​កូន​ខ្លួន​ឯង​នេះ ខ្ញុំ​មិន​ដឹង​ថា​ជា​រឿង​ពិត​ឬ​យ៉ាង​ណា​ទេ​ព្រោះ​កូន​ខ្ញុំ​ធ្វើ​ការ​ជា​ប៉ូលិស ហើយ​គេ​តែង​តែ​និយាយ​ប្រាប់​ខ្ញុំ​និង​រិះ​គន់​ទៅ​លើ​បុរស​ចាប់​រំលោភ​ស្រ្តី តែ​ពេល​កើត​រឿង​បែប​នេះ​ឡើង ខ្ញុំ​ហាក់​មិន​យល់​ដែរ តែ​មិន​ដឹង​ថា ពិត​ឬ​មិន​ពិត​នោះ​ទេ ពី​ព្រោះ​ទូរស័ព្ទ​វា​បាន​បិទ​ហើយ​ក៏​មិន​ដឹង​គេ​នៅ​ទី​ណា​ទេ​ពេល​នេះ»។
(Like & Share ផង​ដើម្បីទទួលបានពត៌មានថ្មីៗជាច្រើន)

ប្រភព : dom-neng

Facebook Comments